The Blog

PR_19_09_2018_1

កាលពីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថាន និងឧបត្ថម្ភ ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ដែលរៀបចំ ដោយអង្គការ Let Do It និងអង្គការ Go Green Cambodia សហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួង ទេសចរណ៍ ដែលរៀបចំឡើងនៅមុខក្រសួងបរិស្ថាន។

ក្នុងឱកាសនោះផងដែរ មានការអញ្ជើញចូលរួម ពីតំណាង អង្គការLet Do It និង អង្គការ Go Green Cambodia តំណាងក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងទេសចរណ៍ អ្នកស័គ្រចិត្តយ៉ាងច្រើនកុះករ ព្រមជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក ប្រមាណជាជាង ២០០ នាក់ នៃក្រុមហ៊ុន ប៉េង ហួត គ្រុប។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ មានមតិសំណេះសំណាលយ៉ាងដូច្នេះថា ដើម្បីចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ខ្ញុំសូមអំពាវនាវដល់ផ្នែកដែលពាក់ព័ន្ធទាំងអស់ចូលរួម គ្នាលើកកំពស់ការពារការថែរក្សាបរិស្ថាន ជាពិសេសកាត់បន្ថយសារធាតុពុល តាមរយៈការកាត់បន្ថយនិង ទុកដាក់ សំណល់ អោយបានត្រឹមត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិអោយ កាន់តែល្អប្រសើរឡើង និងលើកស្ទួយការយល់ដឹងរបស់ប្រជាពលរដ្ឋ ប្រកបដោយចីរភាពនិងប្រែក្លាយទិវានេះ អោយទៅជាសកម្មភាពជាក់ស្តែង និងការគ្រប់គ្រងសម្រាម ប្រកបដោយប្រសិទ្ធិភាពខ្ពស់។  ស្របពេលជាមួយគ្នានេះ នៅតាមបណ្តា ខណ្ឌ និងសង្កាត់ ទូទាំងរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការ សម្អាតបរិស្ថាន ផងដែរ។ ឯកឧត្តម បានបន្តទៀតថា ខ្ញុំជឿជាក់ថា ស្មារតីនៃការប្រារព្វទិវានេះ ពិតជាដិតដាមនូវឆន្ទៈ ធ្វើអោយ បរិស្ថានរាជធានីភ្នំពេញស្រស់ស្អាត សម្រាប់យើងគ្រប់រូប និងជានិរន្តរ

លោកអ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានថ្លែងនាឱកាសនោះផងដែរថា  ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាង ក្រៃលែងក្នុងការចូលរួមកម្មវិធីទិវាសម្អាតពិភពលោក និងជាលើកទី១សម្រាប់ប្រទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញនិងបណ្ដាខេត្តផ្សេងៗផងដែរ ក្រោមការផ្តួចផ្ដើម សហការ និងរៀបចំ ដោយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងទេសចណ៏ អង្គការ Let Do it និង អង្គការ Go Green Cambodia  ព្រមទាំងស្ថាប័នផ្សេងទៀត នាថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះ ក្នុងគោលបំណងជំរុញការ យល់ដឹងអំពីការការពារបរិស្ថានដោយនាំគ្នាចូលរួមរើសសម្រាមសម្អាតទីក្រុង។ លោកគូសបញ្ជាក់បន្ថែមថា ស្ថាបនិកក្រុមហ៊ុន មានចក្ខុវិស័យ វែងឆ្ងាយ ចាប់តាំងពី ដំបូងក្នុងការអភិវឌ្ឍជូនប្រជាជនកម្ពុជានូវលំនៅឋានទំនើប ដោយផ្តោតលើគុណភាពល្អ សោភណ្ឌភាពស្អាត និងជាពិសេសគឺបរិស្ថានរស់នៅល្អ ដែលមាន លំហរបៃតងច្រើន ដើមឈើធំៗ និង គ្មានសម្រាម ដែលស្របតាមគោលនយោបាយ ទីក្រុងស្អាតរបស់ រាជរដ្ឋាភិបាលកម្ពុជា រហូតទទួលបានការគាំទ្រខ្លាំងពីអតិថិជន និងទទួលបានពានរង្វាន់ជាច្រើន ពីក្នុងនិងក្រៅប្រទេស។ ពាក់ព័ន្ធការងារបរិស្ថាននេះដែរ កាលពីថ្ងៃទី ៥ ខែមិថុនាឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធីដាំដើមឈើចំនួន១៤០០ដើម ក្នងឱកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកនៅស្រុកស្រីសន្ធរខេត្តកំពង់ចាមកន្លងទៅថ្មីៗនេះ“។

ក្រោយពីបញ្ចប់ការថ្លែងសុន្ទរកថា ពីតំណាងអង្គការ ក្រសួង នឹងដៃគូសហការនានា រួចមក ទិវាសម្អាតពិភពលោកនៅកម្ពុជា ត្រូវបានបើកជាផ្លូវការ ក្រោមអធិបតីភាព របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ហើយលោកបានសង្កត់ធ្ងន់ទៅលើបញ្ហាបរិស្ថានថា​ បើយើងមិនបានប្រព្រឹត្ត ក៏យើងមិនចាំបាច់សម្អាតវាដែរ​។ ដូច្នេះហើយលោកសូម ចាត់ទុកថាទិវានេះ និងបង្កើតចំណងទំនាក់ទំនងរវាងប្រជាជន​​ តភ្ជាប់ជាមួយនឹងបរិស្ថាន ។ សម្រាមគឺជាសត្រូវលាក់មុខ ឥឡូវនេះវាបានបើកមុខហើយ យើងត្រូវតែបំផ្លាញ និងកំទេចសត្រូវសម្រាមនេះ។ ជាចុងក្រោយលោកសូមបើកកម្មវិធី និង ជូនពរអោយទិវានេះ ប្រកបដោយជោគជ័យ និងទៅជាចលនាមួយ ដើម្បីកម្ចាត់សត្រូវលាក់មុខ(សម្រាម)

បន្ទាប់មកគណអធិបតី ព្រមទាំងអ្នកចូលរួមដោយស្ម័គ្រចិត្តយ៉ាងច្រើនកុះករ បានចូលរួមសម្អាតបរិស្ថាន ប្រមូលសម្រាម ដោយបែងចែកជាក្រុម តាមគោលដៅដែលបានបែងចែកជា១១ទីតាំង ជុំវិញរាជធានីភ្នំពេញ។ ចំណែកឯ ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រមាណជាជាង២០០នាក់ បានចូលរួមសម្អាតបរិស្ថាន តាមរយៈពីរគោលដៅ ដោយគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ១ ពីមុខវិទ្យាល័យច្បារអំពៅ ដល់ប៉ូឡារីស អេហ្វ អែន ប៊ី ទល់មុខមន្ទីរពេទ្យជោរៃ និងគោលដៅទី២ នៅបរិវេណក្រសួងបរិស្ថាន។ ក្នុងសកម្មភាពដដែលនេះ ក៏អាចបំផុសស្មារតីដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ យល់ដឹងអំពីផលប៉ះពាល់ដែលកើតចេញពីបញ្ហាសម្រាម និងរួមគ្នាសម្អាតបរិស្ថាន ក្នុងតំបន់ដែលខ្លូនរស់នៅ។

សូមបញ្ជាក់ផងដែរថាទិវាសម្អាតពិភពលោក បានប្រារព្ធជាផ្លូវការ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅទូទាំងសកលលោកមានចំនួន១៥៦ប្រទេស ជាមួយនឹងអ្នកស្ម័គ្រចិត្តចូលរួមជាង៣៨០លាននាក់ទូទាំងពិភពលោក ចំណែកប្រជាជនកម្ពុជា ក៏មានការចូលរួម យ៉ាងច្រើនកុះករចូលរួមសម្អាតប្រទេសរបស់យើងនៅទូទាំងប្រទេស។ ទិវានេះធ្វើឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងការកើនឡើងនូវការបោះចោលសម្រាមនៅលើផែនដីនេះ។ ការបោះចោលសម្រាមមិនបានត្រឹមត្រូវនេះ មិនគ្រាន់តែធ្វើអោយខូចបរិស្ថានប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញធនធានសម្រាប់ចិញ្ចឹមជីវិតមនុស្សលើភពផែនដីផងដែរ។

Leave a Comment

Your email address will not be published.